អំពីប្រាសាទបូរាណនៅស្រុកខ្មែរ
Kambuja Soriya Magazine
អំពីប្រាសាទបូរាណនៅស្រុកខ្មែរ
លោកសិរ្សសឺដេស៍ ចាងហ្វាងសាលាបារាំងសែស
នៅចុងបូព៌ាប្រទេស
អធិប្បាយកាលពីថ្ងៃចន្ទ ៦ មារ្ស៍ ១៩៣៣
នៅសារមន្ទី ល្វីហ្វីណូត៍ ក្រុងហាណូយ
ក្រម្ការ ជុំ- ម៉ៅ ប្រែចេញមកជាភាសាខ្មែរ© 2003 Budhhist Institute, info@budinst.gov.kh
ការរចនាខ្មែរដែលខ្ញុំប្រារព្ធនឹងអធិប្បាយជូនអស់លោកជូនអស់លោកក្នុងវេលាល្ងាចនេះ មិនចាំបាច់ឲ្យមានសេចក្ដីសារសព្វរៀបរាប់ជាលំនាំវែងឡើយ ព្រោះយើងបានស្គាល់ស្រុកខ្មែរគ្រប់គ្នាឬស្ទើតែគ្រប់គ្នា ព្រឹក្សាលតាវល្លិ នឹងម្រឹគបក្សីរបស់ស្រុកនេះក៏មិនចន្លោះនឹងភ្នែកយើង ក្នុងវេលានេះខ្ញុំផ្គងនឹងរាយរៀងប្រាសាទបូរាណស្រុកខ្មែរក្នុងរបារភូមិសាស្ដ្រ របារពង្សាវតារនឹងក្នុងរបារក្សត្រ ព្រមទាំងក្នុងរបារសាសនានឹងគ្រួសា ។ ខ្ញុំមានបំណងនឹងល្បងគាស់ក៏កាយប្រាសាទបូរាណទាំងនេះឲ្យលេចច្បាស់ឡើងអំពីសេចក្ដីកំបាំង ដែលនាំឲ្យកើតជាសៀវភៅដោយច្រើនអំពីរឿងនេះ ហើយដែលច្រើនតែជាយ៉ាងមធ្យមដើម្បីនឹងឲ្យអស់លោកបានយល់ អំពីដែលប្រាសាទទាំងនេះមានន័យដូចម្ដេចចំពោះលើជាតិដែលបានកសាងទាំងនេះ មានន័យដូចម្ដេចចំពោះលើជាតិដែលបានកសាងឡើង ។
របារភូមិសាស្ដ្រនឹងវាសបានយ៉ាងឆាប់ ផែនទីដែលមានប្រាសាទខ្មែរនោះ ចាប់តាំងពីឈូងសមុទ្រសៀមទៅវៀងចន្ទន៍ នឹងពីក្រុងព្រៃនគរទៅវាលច្រកភ្នំមេណាម គឺត្រូវគ្នានឹងស្រុកខ្មែរទាំងមូលសព្វថ្ងៃ ថែម ១ ភាគយ៉ាងធំរបស់ស្រុកកូសាំងស៊ីន ជាយខាងជើងរបស់ស្រុកលាវនឹងស្រុកសៀមទាំងមូលប៉ែកខាងកើត បើរិះគិតពិចារណាអំពីប្រាសាទផ្សេងៗ ដែលនៅដាច់ឆ្ងាយក្នុងទីដ៏ទៃៗ ដែលជាដំណែលការកាន់កាប់របស់ខ្មែរ ក្នុងសម័យដែលកំពុងផ្សាយឫទ្ធានុភាពដ៏ធំទូលាយនោះឃើញថាខែត្រដែនរបស់ការរចនាខ្មែរ កំណត់ ១ ចំណែកត្រឹមដំបន់វាលទំនាបទន្លេមេកុងនឹងដំបន់ក្បែរ ៗ ទន្លេសាបហើយ ១ ចំណែកទៀតនៅដំបន់ភ្នំកូរ៉ាត់ ។ យើងឃើញក្នុងមួយរំពេចថាការប្រជុំរួបរួមនូវដំបន់ទាំងពីរ ដែលប្លែកគ្នាគ្រប់ស្ថាន មកជាដំបន់រដ្ឋប្រសាសនាបាយតែ ១ នោះតែងតែមិននឹងមិនថាវរថិតថេរជាដ៏រាប ហើយពង្សាវតារទាំងមូលរបស់ស្រុកខ្មែរឃើញតែកើតបតិបក្សគ្នា ក្នុងពួកដែលនៅដំបន់ដ៏ខ្ពស់ខាងជើងភ្នំដងរែកនឹងពួកដែលនៅដំបន់ដីទាបខាងត្បូង ។
ត្រង់នេះមានប្រស្នាមួយយ៉ាងកើតឡើង ដែលគេចោឡ៍សួរខ្ញុំជាញយ ៗ គឺថាតើនរណាជាខ្មែរដែលជាអ្នកក៏សាងប្រាសាទទាំងឡាយនោះ ? តើខ្មែរទាំងនោះជាមួយនឹងខ្មែរសព្វថ្ងៃដែលទុកដាក់ប្រាសាទទាំងឡាយដែលជាទីអស្ចារ្យនោះថា ព្រះឥន្ទ្រាធិរាជនឹងព្រះវិស្សកម្មជាបុត្រព្រះឥន្ទ្របានក៏សាងនោះឬឦ ? សេចក្ដីតបនឹងប្រស្នានេះឃើញងាយលើគោកណាស់ ព្រោះប្រាសាទបូរាណដែលចាស់បំផុតជាងគេ មានចារិកអក្សរ ១ ភាគជាភាសាសំស្រ្កឹតដែលជាភាសាប្រាជ្ញរបស់ជាតិហិណ្ឌូដែលចូលមកនៅក្នុងស្រុកខ្មែរ ១ ភាគទៀតជាភាសាសំរាប់ស្រុក ដែលមិនមែនអ្វីក្រៅពីភាសាខ្មែរ គេអាចនឹងថាបាន ហើយប្រហែលពិត ថាក្នុងព្រះបរមរាជវាំងនោះអ្នក រាជ្ការច្រើន តែមានឈាមហិណ្ឌូចូលយ៉ាងច្រើនភាគ ហើយប្រជារាស្រ្តធម្មតា មិនមែនប្លែកអ្វីណាស់ណាអំពីខ្មែរសព្វថ្ងៃនេះទេ សេចក្ដីនេះគេអាចនឹងបញ្ជាក់បានថាបុព្វបុរសរបស់ខ្មែរសព្វថ្ងៃនេះហើយ ដែលបានក៏សាងប្រាសាទទាំងប៉ុន្មាននោះហើយដែលជាតិខ្មែរសព្វថ្ងៃទុកដាក់ថាជាទេវតានិមិត្រឡើង ។
ចំណែកខាងពូជវិញនោះដែលបានដឹងច្បាស់ គឺថាជាតិខ្មែរមានភាសាព្រលាំគ្នានឹងជាតិមន នឹងជាតិផ្សេងៗ ឯទៀតដែលនៅក្នុងជួរភ្នំយួននឹងជួរភ្នំភូមា ។ តែតាំងពីសម័យណាដែលជាតិខ្មែរជុលមកកាន់កាប់ស្រុកនេះ ដែលកាលពីដើមជាស្រុកដែលជាតិណែគ្រ1 នឹងជាតិចាមជ្វា កាន់កាប់ដូចមានសំអាងខ្លះនៅជាបន្ទាល់ដល់សព្វថ្ងៃនេះ ? ក្នុងស្ថាននេះខ្ញុំក៏អាចនឹងថាឲ្យត្រូវចំ ប៉ុន្តែប្រហែលប្រាកដជាជាតិខ្មែរនេះហើយដែលសេចក្ដីស៊ីវីឡៃស្រុកឥណ្ឌៀផ្សាយមកលើ កាលពីក្នុងរវាងដើមគ្រិស្ដុសករាជ ដូចដែលខ្ញុំបានប្រារព្ធក្នុងសេចក្ដីអធិប្បាយទី ១ របស់ខ្ញុំស្រាប់ ។
ពង្សាវតារជាតិខ្មែរបង្រួមទៅជាពង្សាវតាសេ្ដចស្រុកខ្មែរទៅវិញ គឺច្រើនតែមានទំនងដូច្នោះក្នុងពួកស្រុកប្រទេសណាដែលប្រកាន់នៅ "រាជា" ថាទីបំផុតរបស់នគរ ទំនងនេះមានក្នុងស្រុកខ្មែរ ព្រោះដើមឬសរបស់ពង្សាវតារប្រមូលផ្សំឡើងឃើញស្ទើសុទ្ធតែជាចំណងជើងសារបានទាំងអស់ ព្រោះថាសិលាចារិកច្រើននិយាយតែពីការកសាងខាងផ្លូវសាសនា នឹងពីស្ដេចព្រមទាំងនាហ្មឺនដែលធំៗ ខ្លះជាដើម មានសម័យដំបូងដែលយើងបានដឹងដោយសារតែពួកចិន ដែលជាអ្នកកត់ត្រាពង្សាវតារ សម័យនេះរាប់តាំងពីគ្រិស្ដុសករាជ ១០០ ទៅទល់នឹង ៦០០ ឆ្នាំ សម័យប្រទេសកម្ពុជាក្រោមជាទីក្រុងខ្មែរដែលទទួលស៊ីវិឡៃអំពីហិណ្ឌូ សាសន៍ហិណ្ឌូហាក់ដូចជាផ្សាយអាណាខែត្រយ៉ាងធំទូលាយទៅលើជ្រោយដែលពាក្យចិនហៅថាហ្វូណ័ន ។ ហ្វូ-ណ័ន ជាសំនៀងចិនស្រុកប៉េកិន សម័យថ្មីកើតឡើងដោយអក្សរពីរតួ ដែលកាលជាន់ដើមគេមើលថាភិយុ-ណាំ អក្សរនេះច្បាស់ជាផ្ទេរពីអក្សរខ្មែរថា "ភ្នំ" មក ។
ស្ដេចក្នុងស្រុកនោះមានគោរមងារម្យ៉ាងហៅថា ស្ដេចភ្នំគោរមងារនេះហើយដែលពួកចិនយកមកឲ្យឈ្មោះស្រុក ។ ទីក្រុងរបស់ស្រុកនេះទំនងជានៅជិតភ្នំក្នុងខែត្របាភ្នំ ដែលមិនឆ្ងាយពីភូមិបាណាម បាភ្នំនឹងបាណាមនេះជាពាក្យ ២ មាត់ដែលជាប់ទងពីឈ្មោះពីដើមមកដល់ឥឡូវ ។
នៅខាងជើងហ្វូណន់ ត្រង់កន្លែងមធ្យមនៃទន្លេមេកុងជាចន្លោះ ខននឹងថាខែក ក្នុងតំបន់ដីខ្ពស់ នោះមានស្រុកប្រទេសរាជមួយជាពួកកម្ពុជា នៅទីនោះហើយដែលកាលក្នុងកណ្ដាលគ្រិស្ដុ ៦០០ ឆ្នាំ មានព្រះអង្គម្ចាស់ ១ អង្គជារាជវង្សពីស្រុកហ្វូណ័នសោយរាជនៅនគរនោះ គឺភវវរម័ន ទី ១ ដោយហេតុភាន់ប្រែអ្វីដែលយើងមិនបានដឹងជាក់នោះ ស្ដេចក៏តាំងព្រះអង្គជាឯករាជឡើង ហើយដោយបានព្រះអង្គម្ចាស់ចិត្រសេនជាព្រះអណុជជួយផង ក៏តាំងលើកកងទ័ពទៅវាយនគរដែលស្ដេចធ្លាប់ឡើង យកបានខែត្រទាំងប៉ុន្មានក្នុងតំបន់ខាងជើងហើយនគរនេះក៏ផ្លាស់ទីក្រុងទៅតាំងនៅដំបន់ខាងត្បូងវិញ គឺការកើតភាន់ប្រែដោយខ្មាំងសត្រូវលុកលុយជាដំបូងដែលខ្ញុំបានពោលរួចហើយ ។ ក្នុងគ្រិស្តុសករាជ ៧០០ ឆ្នាំ ស្ដេចដែលកាន់កាប់ជាដំណរ អំពីស្ដេចបងប្អូនទាំងពីរអង្គក៏តាំងសម្រេចកិច្ចផ្ជាប់ប្រទេសកម្ពុជាក្រោមមកក្នុងអាណាខែត្របាន ប្រទេសកម្ពុជាក្រោមដែលកាលពីដើមជាទីកន្លែងដ៏មានឫទ្ធានុភាពរបស់ហ្វូណ័ន បានមកជាដែនរបស់ពួកកម្ពុជាវិញ មានស្ដេច ១ អង្គទ្រង់ព្រះនាម ឥសាណវរម័នទី ១ បានសាងទីក្រុង ១ ដែលគេស្គាល់បានសព្វថ្ងៃថាសម្បូរព្រៃគុក ហើយស្ដេច ១ អង្គទៀតទ្រង់ព្រះនាមជយវរម័នទី ១ ទំនងជាបានតាំងទីក្រុងនៅអង្គរបូរីសម័យទាំងមូលនេះ (តាំងពីដែលរលាយស្រុកហ្វូណ័នពីគ្រិស្តុ ៥៥០ ទៅទល់នឹង ៨០០) រាប់បញ្ចូលជាសម័យដើមដំបូងឬសម័យមុនអង្គរ ក្នុងពង្សាវតារស្រុកខ្មែរ ។
ក្នុងគ្រិស្តុ ៨០០ ឆ្នាំមានកើតហេតុភាន់ប្រែ ដែលយើងមិនបានដឹងដោយជាក់លាក់ គឺមានចែកស្រុកជា ២ ចំណែកជាកម្ពុជាគោកខាងជើង នឹងកម្ពុជាទឹកខាងត្បូង ប្រហែលជាបណ្ដាលមកពីពួកជ្វា ព្រោះទំនងជាជ្វាផ្សាយអាណាខែត្រមកលើដំបន់ស្រុកខ្មែរ ១ ចំណែក ។
ក្នុងរវាងចុងគ្រិស្តុសករាជដែលមានរឿងមិនច្បាស់ប្រាកដនេះ មានព្រះអង្គម្ចាស់ ១ អង្កដែលជាប់ក្នុងរាជវង្សចាស់ដោយចំណងយ៉ាងឆ្ងាយណាស់មកហើយ ត្រឡប់មកពីស្រុកជ្វាវិញ (ដែលទៅនៅស្រុកជ្វានោះដោយត្រូវនិទេស ឬក៏ត្រូវជ្វាចាប់ទៅជាឈ្លើយ) ហើយក៏មកតាំងឯករាជ្យក្នុងស្រុកខ្មែរ មិនព្រមចុះចូលស្រុកជ្វាទៀត ដោយតាំងព្រះថ្មី ១ ឡើងសំរាប់គោរពគឺព្រះទេវរាជ រឿងនេះខ្ញុំនឹងសាមកនិយាយវិញក្នុងគ្រាឥឡូវនេះ ស្ដេចនេះបានបោះបង់ដំបន់ទំនាបទន្លេមេកុង ហើយក៏ដើររើសរកកន្លែងដែលស្រួលនៅខាងជើងទន្លេសាប ដើម្បីតាំងទីក្រុងហើយក៏បានតាំងទីក្រុងត ៗ មកនៅដំបន់កុដិ (ខាងកើតអង្គរ, ខាងកើតតាព្រហ្ម, ខាងជើងបន្ទាយក្ដី) នៅហរិហរល័យ (លលៃ) នៅអមរេន្ទ្របុរ ប្រហែលជាបន្ទាយឆ្មារ) ហើយក្រោយមកក្នុងឆ្នាំ ៨០២ តាំងនៅលើភ្នំ មហេន្រ្ទ គឺនៅកំពូលភ្នំគូលែន ។
មហាក្សត្រនេះទ្រង់ព្រះនាមថាជយវរម័ន (នាមទី ១១) ទ្រង់យាងត្រឡប់ទៅទិវង្គត ឯស្រុកហរិហរល័យវិញ នូវវេលាក្រោយដែលបានសោយរាជកំណត់ ៥០ ឆ្នាំ ដែលជារាជពេញទៅដោយចំបាំងរាំងជល់ ហើយដែលទ្រង់បានធ្វើស្រុកឲ្យសុខសាន្តត្រាន ព្រមទាំងរួបរួមព្រះនគរឲ្យបានជាតែមួយឡើងនឹងព្រមទាំងតាំងកំណត់រាជនិវេស្ថខ្មែរតែក្នុងដំបន់អង្គរ ។
ព្រះរាជបុត្រារបស់ព្រះអង្គ នឹងព្រះរាជតោទ្រង់ព្រះនាមឥន្ទ្រវរម័ន បានតាំងរាជនិវេសនៅហរិហរល័យ ។ លុះព្រះបាទឥន្ទ្រវរម័នទ្រង់ទិវង្គតពីឆ្នាំ ៨៨៩ ទៅ ព្រះរាជបុត្រាទ្រង់ព្រះនាម យសោវរម័នទី ១ ទ្រង់ផ្លាស់ទីក្រុងលើកទៅដាក់ខាងទិសនិរតី ចំងាយពីក្រុងចាស់ ២-៣ គីឡូម៉ែត្រ ទីក្រុងថ្មីដែលយើងនឹងបញ្ជាក់ទីស្ថានក្នុងវេលាឥឡូវនេះ ទ្រង់បានតាំងនាមថា យសោធរបុរ ទ្រង់បានចាត់ការជីកស្រះយ៉ាងធំនៅជិតក្រុងនោះ ស្រះនោះយើងស្គាល់ឈ្មោះសព្វថ្ងៃនេះ ថាបារាយខាងកើត នៅមុំទាំង ៤ នៃស្រះនោះមានសីលាចារិកពោលអួតអំពីការដ៏ប្រសើរនេះ ។
រជ្ជកាលដែលតពីនេះទៅមិនត្រូវនិយាយឲ្យយូរទេ ដែលថាដូច្នេះគឺមិនមែន ព្រោះដឹងរឿងមិនជាក់ឡើយ ប៉ុន្តែក្នុងវេលាល្ងាច នេះខ្ញុំមិនមែនត្រូវអធិប្បាយអំពីពង្សាវតារ ខ្ញុំគ្រាន់តែរៀបរៀងរបារនៃប្រាសាទបូរាណផ្សេងៗ អស់លោកត្រូវគ្រាន់តែជ្រាបថាក្នុងគ្រិស្តុសករាជ ៩២១ ព្រះបាតជយវរម័នទី ៤ បោះបង់ចោលក្រុងអង្គរហើយទៅតាំងកសាងទីក្រុងនៅកោះកែរសាងប្រាសាទយ៉ាងធំ ៗ សេចក្ដីព្យាយាមនេះឃើញឥតអំពើព្រោះក្នុង ២៣ ឆ្នាំតពីនោះគឺក្នុងឆ្នាំ ៩៤៤ ស្ដេចដែលទទួលរាជសម្បត្តិមកត្រឡប់មកតាំងទីក្រុងនៅអង្គរវិញ ជាកន្លែងដែលព្រះរាជាគ្រប់ព្រះអង្គមិនត្រូវបោះបង់ចោល ។
ក្នុងរវាងឆ្នា ១១០០ នោះរាជសម្បត្តិធ្លាក់បានដល់រាជវង្សជាតិដទៃ គឺជាតិចាមដោយពិត ក្នុងគ្រិស្តុសករាជប្រមាណ ១០៨០ មានមនុស្សម្នាក់មិនដឹងជាលេចមកពីណា ប្រហែលជាជាប់លោហិតអំពីក្រស័ត្រក្នុងឆ្នាំ ១០០០ មានព្រាហ្មណ៍ម្នាក់ដែលមានចិត្តលោភលន់ជាអ្នកឧបត្ថម្ភ មកតាំងនគរ ១ នៅខាងជើងភ្នំដងរែក ហើយលុះដល់ស្ដេចថ្មីមកតាំងនៅអង្គរស្រុកខ្មែរក៏តាំងបែកជាថ្មីម្ដងទៀត ។
ក្នុងរវាងពីឆ្នាំ ១១១៣ ទៅ ១១៥០ រាជសម្បត្តិធ្លាក់បានមកលើមហាក្សត្រ ១ ព្រះអង្ករដែលធំបំផុតក្នុងស្រុកខ្មែរ គឺព្រះបាទសុរ្យវរម័នទី ២ ដែលអស់លោកអាចនឹងពិនិត្យរូបភាពនៅប្រាសាទនគរវត្តលើក្បាច់ជញ្ញាំងខាងត្បូង ដែលមានរចនាដល់ទៅពីរកន្លែង ១ កន្លែងទ្រង់គង់នៅក្នុងព្រះបរមរាជវាំង ១ កន្លែងទៀតទ្រង់ឈរលើរាជគជេន្ទ្រ ។ វេលាក្រោយដែលទ្រង់សោយរាជសម្បត្តិបាន ៤០ ឆ្នាំ ដែលជារជ្ជកាលប្រកបដោយចំបាំងរាំងជល់គឺទ្រង់វាយបានស្រុកចម្បា ១ ចំណែកផ្ជាប់មកស្រុកខ្មែរ លុះក្រោយមកស្រុកខ្មែរក៏កើតចលាចលបានឱកាសដល់ចាមសងសឹកវិញ គឺក្នុងឆ្នាំ ១១៧៧ ពួកចាមចូលមកលុកក្រុងអង្គរ ដុតប្រាសាទផ្ទះសម្បែងនឹងកាប់សំឡាប់អ្នកស្រុកជាច្រើន ។ លុះត្រាក្រោយមកក៏មហាក្សត្រខ្មែរ ១ ព្រះអង្គទ្រង់ព្រះនាមជយវរម័នទី ៧ ទ្រង់ដេញបានអស់ទីវិញ ទើបទ្រង់ឡើងសោយរាជសម្បត្តិនៅឆ្នាំ ១១៨១ ហើយតាំងកសាងក្រុងជាថ្មី ។
តពីរជ្ជកាលព្រះអង្គទៅ ក្សត្រទាំងប៉ុន្មានដែលសោយរាជជាលំដាប់មកក៏តាំងប៉ះប្រទះគ្នានឹងជាតិសៀម ដែលទើបនឹងមកពីដំបន់ជុំវិញទទួលមេណាមមកតាំងនៅ នេះហើយជាពេលដែលផ្ដើមនឹងផុតសម័យអង្គរ ប៉ុន្តែសម័យនេះនៅប៉ផ្តិតប៉ផ្ដក់វែងឆ្ងាយក្រែលមកដែរ ព្រោះថាដល់មកឆ្នាំ ១៥០០ ទើបបោះបង់អង្គរវិលមកតាំងទីក្រុងនៅភ្នំពេញ ដែលមិនឆ្ងាយអំពីក្រុងចាស់ ៗ របស់ហូណ៍ននឹងខ្មែរជាន់ដើម ។
សម័យហ្វូណ័ន សម័យដំបូង សម័យអង្គរ ឥឡូវយើងត្រូវពិនិត្យមើលតើប្រាសាទបូរាជខ្មែរត្រូវចែកចែញដូចម្ដេចខ្លះតាមសម័យទាំងនេះ ។
ក្នុងសម័យហ្វូណ័ន ដំណែលប្រាសាទទាំងប៉ុន្មានដែលបានរកឃើញ មានចារិក ២ ជាភាសាសំស្រ្កឹត មួយជាចារិករំលឹកដល់ព្រះវិស្ណូ រកឃើញនៅថាប់មួយក្នុងដំបន់វាលផុក (កូសាំងស៊ីន) មួយទៀតរំលឹកដល់ព្រះពុទ្ធ រកឃើញនៅបាទីចារិកទាំងពីរនេះកើតឡើងក្នុងរវាងគ្រិស្តុសករាជ ៥០០ នឹងដើមគ្រិស្តុសករាជ ៦០០ ឆ្នាំ មានប្រាសាទសម័យមុនអង្គរជាច្រើនតាំងនៅក្នុងស្រុកខ្មែរកណ្ដាល នឹងខាងជើង ក្នុងតំបន់ដែលកាលពីដើមជាទីក្រុងរបស់ហ្វូណ័ន ប៉ុន្តែមិនមានប្រាសាទណាមួយដែលល្មមនឹងទុកដាក់ដោយពិតប្រាកដបានថាជាប្រាសាទដែលសាងក្នុងសម័យហ្វូណ័នឡើយ ។ ចំណែកខាងក្បាច់ចំឡាក់វិញក៏ដូចគ្នាដែរ ប៉ុន្តែបើទោះណាគ្មានសមអាងដោយពិតប្រាកដអំពីដំណែលនេះក្ដី យើងក៏អាចនឹងពិចារណាឲ្យយល់ទៅបានអំពីបែបកសាងនឹងក្បាច់រចនារបស់ស្រុកនេះកាលគ្រានោះបាន ។
ចំណែកខាងក្បាច់បំឡាក់នោះ ព្រះពុទ្ធរូបទាំងឡាយនៅអង្គរបូរីនឹងរូបព្រះវិស្ណូ នឹងព្រះហរិហរទាំងឡាយ ដែលមានដេរដាសតាំងពីស្រុកកូសាំងស៊ីនដរាបដល់បំបន់ខាងជើងជ្រោយមាឡៃយូ អាចនឹងឲ្យគំនិតដល់យើងឲ្យដឹងបានថាបែបចំឡាក់របស់ហ្វូណ័ននោះយ៉ាងដូចម្ដេចខ្លះ
រចនាខ្មែរជាន់ដើមឬមុនអង្គរនោះ ចូលមកក្នុងវង់នៃការពិនិត្យរបស់លោកបារម៉ង់ចេរ ។ ដំណែលរចនាមានយ៉ាងសម្បូរក្នុងដំបន់ស្រុកខ្មែរខាងត្បូង នឹងក្នុងដំបន់ជ្រុងដីដែលជាចន្លោះទន្លេមេកុងនឹងទន្លេសាប ។ កន្លែងដែលសំខាន់ជាងគេនោះគឺសម្បូរព្រៃគុកជាខាងជើងកំពង់ធំ ។ អំពីបែបភាពការកសាងនោះ គឺធ្វើដោយឥតមានកំពូលខ្ពស់ស្រួចបែបហាត់ដោបួនជ្រុងមានទ្វារបញ្ឆោត មានថ្នាក់ទាបចុះ តាំងធ្វើជាថ្នាក់ខាងក្រោមក្បាច់ចំឡាក់នេះបានបង្កើតការជាគំរូដើមយ៉ាងសំខាន់ ។
ប្រាសាទនឹងរូបភាពក្នុងការរចនាជាន់ដើម ងាយនឹងសំគាល់ឲ្យឃើញខុសគ្នាអំពីប្រាសាទនឹងរូបភាពក្នុងការរចនាជាន់អង្គរណាស់ បើដូច្នេះឃើញថារឿងរ៉ាវរបស់ប្រាសាទបូរាណឥតមានលំបាកនឹងរៀបរៀងឡើយ ។
គឺជាក្នុងសម័យទី ៣ ក្នុងរវាងដើមឆ្នាំ ៩០០ នឹងចុងឆ្នាំ ១២០០ ដែលមានកើតប្រាសាទផ្សេងៗ ក្នុងប្រជុំអង្គរនឹងប្រាសាទផ្សេង ៗ នៅកោះកែរ ព្រះខ័ន បេងមាណ បន្ទាយឆ្មារ ព្រះវិហារ, ភ្នំជីសូរ, ឈ្មោះទាំងនេះគឺរាប់តែប្រាសាទដែលសំខាន់ ៗ នឹងដែលស្គាល់ច្បាស់ជាងគេ ។
ការដែលរៀបរៀងប្រាសាទទាំងនេះឲ្យមានលក្សណ៍មានខាន់តាមពេលសម័យនោះឃើញមិនងាយឡើយ ។ ប្រសិនបើលើកយកប្រាសាទក្នុងពួកបាគោ លលៃដែលមានចារិកឆ្នាំ ៨៧៩, ៨៩៣ នៅទ្វារ នឹងប្រាសាទនៅដំបន់កោះកែរដែលជារាជនិវេស្ថកំណត់ត្រឹម ២៣ ឆ្នាំ គឺពីឆ្នាំ ៩២១ ដល់ ៩៤៤ ព្រមទាំងប្រាសាទអង្គរនគរវត្ត ដែលកសាងឡើងក្នុងរវាងពាក់កណ្ដាលខាងដើមឆ្នាំ ១២០០ ចេញនោះ ចារិកធំ ៗ ក្នុងសម័យអង្គរក្នុង ១០ ឆ្នាំខាងក្រោយនេះ ឃើញចេះតែប្រែប្រួលទៅផ្សេងៗ មិនមានទៀងសោះឡើយ ។
តាំងពីនោះមកមានកើតសៀវភៅនឹងសេចក្ដីអធិប្បាយជាច្រើន ដែលធ្វើឲ្យសាធារណជន វិលវល់ ហើយមិនទុកចិត្តដល់ភស្តុតាងនៃការស្រាវជ្រាវរិះរករបស់យើង នឹងសេចក្ដីវិនិច្ឆ័យជាខ្លឹមសាររបស់យើង ។
ដោយហេតុនេះហើយបានជាកាលណាយើងបើកមើលសៀវភៅដែលពន្យល់ក្បាច់រចនារបស់លោកមារ្សាល់ជាអ្នករក្សាប្រាសាទអង្គរ ដែលបោះពុម្ពពីឆ្នាំ ១៩២៨ នោះយើងនឹងឃើញថាប្រាសាទបាយ័ននឹងប្រាសាទឯទៀតទាំងប៉ុន្មានដែលមានបែបផែនដូចៗ គ្នាដូចយ៉ាងតាព្រហ្ម, បន្ទាយក្ដី, ព្រះខ័ន ។ល។ គេបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរម័នទី ២ គឺជាស្ដេចដំបូងក្នុងសម័យអង្គរ ដែលបានសោយរាជក្នុងរវាងដើមឆ្នាំ ៩០០ ។ បើយើងទៅមើលសៀវភៅនាំផ្លូវរបស់លោកម៉ាដ្រុល ដែលបោះពុម្ពជាភាសាបារាំងសែសជាន់ក្រោយក្នុងឆ្នាំ ១៩២៨ ដែរនោះ យើងឃើញថាប្រាសាទបាយ័នកសាងឡើងក្នុងរវាងដាច់ឆ្នាំ ៩០០ ក្នុងរជ្ជកាលព្រះបាទយសោវរម័នដែលជាក្សត្រអ្នកកសាងក្រុងអង្គរធំ ប៉ុន្តែសៀភៅរបស់លោកម៉ាដ្រុលដដែល ដែលបោះពុម្ពជាភាសាអ័ងក្លេសក្នុងឆ្នាំ ១៩៣០ បន្ថយឆ្នាំដែលសាងបាយ័នដល់ទៅ ៣០០ ឆ្នាំហើយទុកដាក់ថាជាការកសាងរបស់ព្រះបាទជ័យវរម័នទី ៧ វិញដែលសោយរាជក្នុងរវាងឆ្នាំ ១២០០ ។ ខាងក្រោយនេះមានសេចក្ដីឲ្យដំណឹងរបស់បរិសទ្យកប៉ាល់សមុទ្រ សម្រាប់អ្នកដើរមើលស្រុក ដែលបោះពុម្ពកាលខែមុន ថ្លែងសេចក្ដីថាពួកអ្នកប្រាជ្ញនៅសាលាបារាំងសែសនាចុងបូព៌ាប្រទេស ទុកដាក់ប្រាសាទបាយ័នថាកើតឡើងក្នុងរវាងឆ្នាំ ៩០០ ។
សេចក្ដីបញ្ជាក់ដែលប្លែកគ្នាទាំងប៉ុន្មាននេះ ឆ្លុះឲ្យឃើញកាលផ្សេង ៗ នៃប្រវត្តិរបស់ប្រាសាទបូរាណខ្មែរ ក្នុងរវាង ១០ ឆ្នាំកន្លងមកនេះ ។
កាលដែលមានមកនោះគឺយ៉ាងដូច្នេះ
មកទល់នឹងឆ្នាំ ១៩២៣ នោះគ្មានភស្ដុតាងអ្វីជាទីនាំឲ្យសង្ស័យថាក្រុងអង្គរធំសព្វថ្ងៃព្រមទាំងកំផែងជុំវិញចំនួន ១២ គីឡូម៉ែត្រនឹងគូធំៗ ជុំវិញមិនមែនជាក្រុងយសោធរបុរ ដែលព្រះបាទយសោធរបុរ ដែលព្រះបាទយសោវរម័នបានតាំងក្នុងឆ្នាំ ៩០០ ឡើយ ។ មានសិលាចារិក ១ ពីឆ្នាំ ១១០០ ដែលប្រារព្ធអំពីការកសាងនេះ អធិប្បាយថា ព្រះមហាក្សត្របានសាងប្រាសាទ ១ នៅចំកណ្ដាលក្រុងឲ្យឈ្មោះថាភ្នំកណ្ដាលឬភ្នំយសោធរ នៅទីនោះហើយដែលស្ដេចតាំងព្រះអង្គជាព្រះ ហើយឲ្យគេគោរពព្រះអង្គតាមទំនងលិង្គ ។ ប្រាសាទបាយ័នតាំងនៅចំពាក់កណ្ដាលក្រុងអង្គរធំ មុខដែលរចនានៅកំពូលទាំងប៉ុន្មានរបស់ប្រាសាទនេះនឹងទុកដាក់ថាជាមុខព្រហ្មក៏បាន ឬបើនឹងថាជាមុខព្រះឥសូរក៏បានទៀត ។ អាស្រ័យហេតុនេះសេចក្ដីវិនិច្ឆ័យក៏ហាក់ដូចជាបង្ខំឲ្យកើតឡើងថា ប្រាសាទបាយ័នគឺព្រះបាទយសោវរម័នបានសាងក្នុងវេលាចុងឆ្នាំ ៩០០ បើដូច្នេះប្រាសាទទាំងប៉ុន្មានដែលមានភាពទំនងជាមួយគ្នា ក៏កើតឡើងក្នុងជាន់ជាមួយគ្នាដែរ ។
ប៉ុន្តែនៅមានអ្វីដែលនាំឲ្យទាក់ទាមទៀត ព្រោះថាក្នុងសម័យជាមួយនៃប្រាសាទធំ ៗ ដែលរចនាដោយថ្មនេះ ដែលមានថែវរចនាតាមបែបហាត់ ដោយយ៉ាងលំបាកគិត ហើយដែលធ្វើឲ្យខុសខូចបែបហាត់ដោដ៏ប្រសើរហ្មត់ចត់ ហើយដែលកសាងយ៉ាងប្រញាប់មិនផ្ចិតផ្ចង់ នៅក្នុងសម័យជាមួយនោះខ្ញុំថាមានកើតប្រាសាទសង់ពីឥដ្ឋនៅលលៃ ដែលជាក់ជាសាងក្នុងចុងឆ្នាំ ៩០០ ព្រោះបែបកសាងត្រឹមត្រូវខ្នាត នឹងបែបចំឡាក់យ៉ាងផ្ចិតផ្ចង់ទាំក់ទងគ្នានឹងរចនាជាន់ដើមក្នុងឆ្នាំ ៧០០ នឹងរចនាកោះកែរក្នុងឆ្នាំ ១០០០ ។
ដើម្បីនឹងពន្យល់អំពីការរចនាដែលផុះយ៉ាងរហ័សនៅប្រាសាទបាយ័ននេះ គេបានរករឿងពន្យល់គ្រប់បែបយ៉ាងប៉ុន្តែសេចក្ដីពន្យល់ទាំងប៉ុន្មាននេះ ឥតមានណាមួយជាទីពេញចិត្តឡើយ ។
ក្នុងឆ្នាំ ១៩២៣ គេបានរកឃើញភស្ដុតាងម្យ៉ាងនៅប្រាសាទបាយ័ន ភស្ដុតាងនេះហាក់ដូចជានាំការស្រាវជ្រាវឲ្យត្រេចទៅកាន់ផ្លូវថ្មី ១ ។ ការទល់ទ្រធ្វើឲ្យមាំឡើង នៅឲ្យឃើញក្លោងទ្វារ ១ ដែលមានរចនារូបព្រះលោកេស្វរជាមហាពោធិសត្វក្នុងព្រះពុទ្ធសាសនាប៉ែកមហាយាន ។ ការរកឃើញនេះនាំគំនិតឆ្ពោះទៅរកស្នាមដាន ដែលបំផ្លាញដោយកែដោយកាត់ជាច្រើនដេរដាស់ក្នុងប្រាសាទបាយ័ននឹងប្រាសាទឯទៀតផ្សេងៗ គឺមានកោសលុបរូបចំឡាក់ខាងព្រះពុទ្ធសាសនា កែប្រែទៅជាចំឡាក់ខាងព្រះឥសូរវិញ ហើយក៏ឃើញច្បាស់ថាកាលជាន់ដំបូងក្បាច់រចនាប្រាសាទបាយ័ន ជាក្បាច់រចនាខាងព្រះពុទ្ធសាសនាដូចជាក្បាច់រចនានៅប្រាសាទផ្សេងៗ ដែលមានភាពសណ្ឋានជាមួយគ្នាដែរ ។ ដូច្នេះឃើញថានឹងដាក់ទុកប្រាសាទបាយ័នថាព្រះបាទយសោវរម័ន ដែលជាស្ដេចកាន់សាសនាព្រះឥសូរបានសាងមិនបានឡើយ ។ លោកហ្វីណូត៍លោកមានទំនងខ្លះនឹងគិតថា ព្រះបាទជយវរម័នទី ២ កាលដំបូងកាន់ព្រះពុទ្ធសាសនា ហើយលោកក៏ជឿថាស្ដេចនេះហើយដែលបានសាងប្រាសាទបាយ័ន ។
ក្នុងគំនិតដែលកើតឡើងក្នុងឆ្នាំ ១៩២៥ នេះ ថាដែលព្រះបាទយសោវរម័ន កសាងប្រាសាទយសោធរបុរ នឹងភ្នំកណ្ដាលនោះ គឺគ្រាន់តែជាការបង្ហើយតាមហាត់ដោ ដែលគិតទុកស្រេចរបស់ស្ដេច ១ ព្រះអង្គមុន នឹងជាការកែប្រែប្រាសាទរបស់ពុទ្ធសាសនាឲ្យទៅជារបស់សិវសាសនាវិញតែប៉ុណ្ណោះ ។ ក្នុងពេលជាមួយគ្នានេះលោកហ្វីណូត៍អាងដល់សិលាចារិកផ្សេងៗ ហើយតម្រូវថាប្រាសាទបន្ទាយស្រីដែលគេជឿមកត្រឹមនោះថាសាងក្នុងឆ្នាំ ១០០០ តើកើតឡើងក្នុងឆ្នាំ ១៤០០ ទេគឺក្នុងពេលដែលផុតការរចនាសម័យអង្គរ ។
សេចក្ដីចំណាំសករាជ ដែលទុកដាក់ប្រាសាទបាយ័នថាជាការរបស់ស្ដេច ដែលរសាត់អណ្ដែតបាត់ ១ ពេលក្នុងរជ្ជកាលទៅ ហើយដែលទុកដាក់ប្រាសាទធំៗ ធ្វើដោយថ្មទាំងនេះជាចន្លោះប្រាសាទតូចៗ ធ្វើពីឥដ្ឋបែបការរចនាជាន់ដំបូង នឹងប្រាសាទនៅលលៃនោះ នាំឲ្យរឹងរឹតតែមានសេចក្ដីងឿងឆ្ងល់សេចក្ដីលំបាក សេចក្ដីទទើសទទែងជាខ្លាំងទៅទៀត ។
កាលក្នុងឆ្នាំ ១៩២៧ ការដែលពិនិត្យសិក្សាដោយផ្ចិតផ្ចង់យ៉ាងល្អិត អំពីក្បាច់រចនាលំអ អំពីក្បាច់ចំឡាក់នឹងអំពីសំលៀកបំពាក់ជាដើម នាំលោកហ្វីលិបស្ដែន៌ ដែលជាអ្នកគ្រប់គ្រងសារមន្ទីរគីម៉េត៍ ឲ្យចែករចនាអង្គរជាពីរសម័យ ហើយនាំឲ្យពិនិត្យឃើញថាប្រាសាទបាយ័នត្រូវរាប់បញ្ចូលដោយពិតក្នុងពួកប្រាសាទជាន់ក្រោយ ។ លុះពោលទាស់នឹងសំអាងដែលមាំដូច្នេះហើយ លោកហ្វីលិបស្ដែន៌ក៏តាំងបញ្ចេញគំនិតយ៉ាងជ្រៅហើយសាយថាក្រុងអង្គរធំដែលយើងឃើញសព្វថ្ងៃនេះមិនមែនជាទីក្រុងដែលព្រះបាទយសោវរម័ន កសាងកាលពីចុងឆ្នាំ ៩០០ ឡើយ ក្រុងនេះទំនងជាតាំងនៅលើកន្លែងមួយផ្សេងដ៏តូច ហើយកន្លែងកណ្ដាលនោះ គឺជាប្រាសាទវិមានអាកាសនោះឯង ។ ឯចំណែកទីក្រុងសព្វថ្ងៃ គឺជាក្រុងដែលវាតឲ្យធំក្នុងរជ្ជកាលព្រះបាទសុរ្យវរម័នទី ១ ក្នុងដើម គ.ស. ១១០០ គឺស្ដេចដែលកាន់បុទ្ធសាសននេះហើយបានសាងប្រាសាទបាយ័ននឹងប្រាសាទផ្សេង ៗ ឯទៀតដែលមានភាពដូចគ្នា ។
សេចក្ដីយល់ឃើញរបស់លោក ហ្វីលិបស្ដែន៌ បំបាត់នូវសេចក្ដីសង្ស័យនឹងសេចក្ដីឆ្ងល់ដែលមានពីដើមមក ប៉ុន្តែនាំឲ្យកើតមានសេចក្ដីឆ្ងល់នឹងសង្ស័យថ្មីឡើងទៀត គឺថាប្រាសាទបាយ័នដែលរចនាតាមបែបហាត់ដោយ៉ងមិនប៉ិន ហើយជាបែបរចនាទំនើបថ្មីនោះនាំឲ្យអាក់សេចក្ដីចំរើនរបស់ការរចនាខ្មែរម្ដងទៀត ដោយហេតុដែលរកយល់មិនបាន ហើយមកផ្ដាច់ខ្សែបន្ទាត់ដែលរៀងប្រាសាទក្នុងឆ្នាំ ៩០០ នឹង ១០០០ គឺប្រាសាទលលៃ បាខែង កោះកែរ មេបុណ្យ ប្រែរូប ជាជួរយ៉ាងល្អមើលដរាបដល់នគរវត្ត ដែលសាងក្នុងចុងឆ្នាំ ១២០០ ចាប់តាំងពីប្រាសាទបាពួនដែលសាងក្នុងឆ្នាំ ១១០០ ទៅ ។
ក្នុងស្ថាននេះយើងត្រូវរករឿងហេតុផ្សេងទៀត ខ្ញុំនៅចាំបានមិនភ្លេច ថាប្រាសាទទាំងប៉ុន្មានដែលមានបែបរចនាដូចគ្នា នឹងប្រាសាទបាយ័ន សុទ្ធតែមានចារិកអក្សររបស់ស្ដេចកាន់ព្រះពុទ្ធសាសនា គឺព្រះបាទជយវរម័នទី ៧ (ចុងឆ្នាំ ១២០០) ដែលមានកំណត់នាមឲ្យរូបភាពផ្សេងៗ ដែលដំកល់កាលពីដើមក្នុងអាស្រមនឹងក្នុងថែវ ចារិកទាំងនេះហើយដែលគេជឿថាបានធ្លាក់ក្នុងពេលក្រោយសាងប្រាសាទជាយូរអង្វែងមក ខ្ញុំនៅចាំបានទៀតថា នៅក្នុងប្រាសាទតាព្រហ្មមានសិលាចារិកធំៗ របស់ព្រះបាទជយវរម័នទី ៧ ហើយខ្ញុំនឹកឃើញទៀតថាជ្រុងកំផែងអង្គរធំទាំង ៤ នោះមានសិលាចារិក ៤ សសរពោលសរសើរនៃមហាក្សត្រនេះ ។
ខ្ញុំបានពិនិត្យពិចារណាសិលាចារិកទាំង ៤ ដែលគេធ្វេសប្រហែលមិននឹកនាមកលុះដល់វេលានេះ ហើយខ្ញុំដឹងសេចក្ដីថាចារិកទាំងនេះពោលរំលឹកដល់ការកសាងកំផែងនឹងជីកស្នាមភ្លោះ (គ្រូ) ក្រុងអង្គរធំរបស់ព្រះបាទជយវរម័នទី ៧ ។ ខ្ញុំតាំងពិនិត្យចារិកតូចៗ នៅអាស្រមជាថ្មីទៀត ក៏បានឃើញមានចារិកជាច្រើន ដែលធ្លាក់ក្នុងទីផ្ទៃដែលបានធ្វើបំរុងទុកជាមុនស្ថានត្រង់នេះអាចនឹងបញ្ជាក់បានយ៉ាងដាច់ខាត ថាអ្នកដែលកសាងបានចាត់កន្លែងបំរុងទុកឆ្លាក់ចារិកទាំងនេះ អាស្រ័យហេតុនេះឃើញថាប្រាសាទទាំងឡាយនេះមិនមែនកើតមុនរជ្ជកាលព្រះបាទជយវរម័នទី ៧ ឡើយ ។ អំពីស្ដេចនេះយើងបានដឹងប្រាកដថាជាស្ដេចកាន់ព្រះពុទ្ធសាសនាពេញទី ។ ដោយចង់សំម្ដែងនៅចេស្ដាឲ្យឃើញល្បីល្បាញខ្ចរខ្ចាយឡើង ទើបតាំងពោលអួតក្នុងចារិកថាបានសាងប្រាសាទពាសពេញក្នុងស្រុកខ្មែរ ព្រមទាំងបានសង់រោងព្យាបាលរោគចំនួន ១០៤ ខ្នង ។ គ្មានក្សត្រណាមួយដែលមានកិត្តិយសជាងព្រះអង្គ ដើម្បីនឹងតាំងព្រះអង្គថាជាអ្នកកសាងប្រាសាទបាយ័ន ។
ជាជំនួសសេចក្ដីដែលដាក់ទុកថាប្រាសាទបាយ័ន កើតឡើងក្នុងរវាងកើតរចនាដំបូងនៅអង្គរនោះ ត្រូវទុកដាក់ថាប្រាសាទនេះនឹងប្រាសាទឯទៀតដែលមានភាពដូចគ្នា គឺព្រះខ័នតាព្រហ្ម បន្ទាយក្ដី បន្ទាយឆ្មារ ឬបើនឹងនិយាយតែ ១ មាត់ថាគឺប្រាសាទដែលមានកំពូលរចនាជាក្បាលមនុស្សទាំងប៉ុន្មានសុទ្ធតែជាប្រាសាទដែលកើតឡើងក្នុងពេលដែលការរចនាកំពុងចំរើនក្នុងវេលាមុនដាច់ឆ្នាំ ១២០០ ។
ដូច្នេះក៏នឹងយល់បានអំពីការរចនាថ្មីរបស់ប្រាសាទទាំងនេះនឹងទំនងបែបបទជាផ្លូវព្រះពុទ្ធសាសនា នឹងអំពីការដែលឃើញថាប្រាសាទទាំងនេះហាក់ដូចជាកសាងប្រញាប់ណាស់ ។ ហើយអង្គរធំសព្វថ្ងៃបង្ហាញឲ្យយើងឃើញនូវទីក្រុងថ្មី ដែលព្រះបាទជយវរម័នកសាងជាថ្មីឡើងវិញក្នុងរោងចុងឆ្នាំ ១២០០ ជាក្រោយដែលពួកចាមចូលមកលុកលុយស្រុកខ្មែរកាលពីឆ្នាំ ១១៧៧ ហើយវាយកំទេចបំផ្លាញនូវទីក្រុងចាស់ ។
ក្នុងពេលជាមួយ ការដែលស្រាវជ្រាវជាថ្មីដើម្បីរិះរកអក្សរចារិក នោះនាំឲ្យខ្ញុំរើរិះគិតអំពីប្រាសាទបន្ទាយក្ដីឡើងវិញកាលពីឆ្នាំ ១៩៣០ ហើយនាំឲ្យទុកដាក់ប្រាសាទនេះថាបានកើតឡើងក្នុងឆ្នាំ ១០០០ វិញ ព្រោះប្រាសាទនេះមិនមានទំនងនឹងឲ្យប្រទះឃើញក្នុងឆ្នាំ ១៤០០ ឡើយ ។
បើពង្សាវតារបស់ប្រាសាទទុកជាត្រូវដូច្នេះហើយ នោះត្រូវរកកន្លែងទីក្រុងរបស់ព្រះបាទយសោវរម័នទៀត គឺក្រុងយសោធរដែលសាងក្នុងចុងឆ្នាំ ៩០០ នោះ ។
តើទីក្រុងនោះ ដូចជាលោកហ្វីលិបស្ដែន៌យល់ថាជាទីក្រុងតូច ១ ដែលមានប្រាសាទវិមានអាកាសនៅជាកណ្ដាលឬអ្វី ? ឬក៏ជាទីក្រុងដែលធំដូចអង្គរធំដែរ ឬអាចនឹងធំជាងទៅទៀតក៏បាន ដែលទីកណ្ដាលនឹងទីកំផែងក្រៅ ១ ចំណែកត្រូវរកក្នុងទីដទៃក្រៅអំពីផ្ទៃដីដ៏ធំដែលជាទីកន្លែងរបស់ក្រុងនៃព្រះបាទជយវរម័នទី ៧ ឬអ្វី ? ។
តាំងពី ២ ឆ្នាំកន្លងមកហើយ លោកគោលូបែហ្វយល់ថាភ្នំកណ្ដាលដែលមានពោលក្នុងអក្សរចារិកបូរាណនោះ គួរដំរូវទៅលើភ្នំបាក់ខែងដែលជាប្រាសាទសាងឧទ្ទិស្សដល់ព្រះឥសូរសេចក្ដីសំអាងនេះអាងដល់ហេតុដូចមានខាងក្រោយនេះ ដែលតាំងពីដើមមកទល់នឹងថ្ងៃនេះគ្មានអ្នកឯណាម្នាក់ឡើយ ពិតមែនតែរឿងនេះមានបញ្ជាក់ក្នុងឆ្នាំ ១៩០៩ ដោយផែនទីប្រាសាទបូរាណរបស់មេទាហ៊ានឈ្មោះ លីយឺតឺណង់ប៊ុយអាត៍ នឹងលីយឺតឺណង់ ឌុយក្រេត៍ គឺថាភ្នំបាក់ខែងតាំងនៅចំពាក់កណ្ដាលផ្ទៃដី រាងបួនជ្រុងទ្រវែង មានទំហុំផែនទីរាប់ចំនួនប្រមាណ ១៦ គីឡូម៉ែត្រក្រឡា ហើយចំណែកភាគខាងលិចនឹងខាងត្បូងនៅមានជាសំគាល់នៅឡើយដោយស្នាមភ្លោះធំ ៗ ដែលសព្វថ្ងៃក្លាយទៅជាទីស្រែ ឯចំណែកភាគខាងកើតវិញនោះមានលំនាំជាជួរបន្ទាត់បណ្ដោយគ្នាតាមស្ទឹងសៀមរាបទៅកាច់ចេញពីផ្លូវដើម ដើម្បីធ្វើទំនងជាប្រឡាយមានមាត់ជ្រាំត្រង់ ។
ដើម្បីនឹងពិនិត្យសំអាងនេះជាថ្មី ទើបខ្ញុំបានចាត់លោកគោលូបែហ្វកាលពីប្រាំងមិញ ដើម្បីធ្វើការស្រាវជ្រាវនៅទីអង្គររិះរកសំអាងនេះទៀត លុះកាលណាការស្រាវជ្រាវនេះបានចំរើនក្រែលឡើង ខ្ញុំនឹងសុំឲ្យលោកថ្លែងបាឋកថាដោយឡែកផ្សេងជូនអស់លោកស្ដាប់ ។ ក្នុងវេលានេះអស់លោកគ្រាន់តែជ្រាបថាលោកគោលូបែហ្វមិនមែនបានរកឃើញទីក្រុងថ្មី ១ ទៀតទេដែលមានទំនងជាឃើញនោះគឺទីថានរបស់ក្រុងសោធរបុរ ។
ខ្ញុំសុំទោសអស់លោកអំពីដែលខ្ញុំអធិប្បាយយូរបន្តិចអំពីរបារប្រាសាទបូរាណដោយត្រូវការខានមិនបាន ព្រោះថាក្នុងបាឋកថានៅថ្ងៃចន្ទ្រក្រោយ ដែលសំដែងអំពីសេចក្ដីចំរើននៃក្បាច់រចនាខ្មែរនោះ ត្រូវការប្រារព្ធដល់របារប្រាសាទនេះដែរ ។ សូមឲ្យអស់លោកជ្រាបថាប្រាសាទបាយ័នគេកសាងក្នុងចុងឆ្នាំ ១២០០ ហើយឯសេចក្ដីដែលគេបានពោលបានសរសើរអំពីប្រាសាទនេះទាំងប៉ុន្មានក្នុងវេលាមុនឆ្នាំ ១៩២៩ សុទ្ធតែជាការច្រឡំភាន់ទាំងអស់ ។
ក្នុងវេលានេះខ្ញុំត្រូវអធិប្បាយជូនអស់លោក អំពីសភាពខាងផ្លូវសាសនារបស់ប្រាសាទខ្មែរទាំងនេះទៀត ។
ប្រាសាទទាំងនេះជាផលនៃសេចក្ដីសីឡៃឥណ្ឌៀ ដែលមកតាំងមាំនៅក្នុងស្រុកខ្មែរ ។ បាឋកថាក្នុងថ្ងៃចន្ទ្រក្រោយនឹងធ្វើឲ្យអស់លោកឃើញបែបជាន់ដើមរបស់ក្បាច់រចនាខ្មែរដោយធៀបនឹងគំរូដើមរបស់ក្បាច់នេះនឹងបែបចាស់របស់ឥណ្ឌៀ ។ គំរូដើមនេះគឺពិតជាបែបរចនារបស់ខ្មែរសុទ្ធ ហើយហេតុដែលធំនោះ គឺពិតជាថាពួកជាងដែលបានកសាងនឹងបានរចនាក្បាច់លើប្រាសាទខ្មែរនោះពិតជាខ្មែរ ហើយជាងទាំងនេះច្បាស់ជាមានទំនៀមបែបរចនាផ្សេងដ៏ទៃអំពីបែបឥណ្ឌៀ ប៉ុន្តែលុះលើកបែបសូននឹងប៉ាន់រូបចេញ ហើយរិះរកនូវវិញ្ញាណស្មារតីមកបញ្ចូលក្នុងរូបថ្មទាំងនេះទៅ ក៏នឹងឃើញថាជាគំនិតយោបល់របស់ឥណ្ឌៀយ៉ាងបរិសុទ្ធ ។
រឿងដែលជាធំនោះដូច្នេះ គឺក្រៅអំពីស្ពានចាស់ៗ ខ្លះនោះប្រាសាទខ្មែរទាំងអស់សុទ្ធតែជាការរចនាខាងផ្លូវសាសនាទាំងអស់ ព្រោះថាមានតែព្រះនឹងទេវបុត្រទេវតាទើបស្ថិតនៅក្នុងវិមានធ្វើដោយថ្ម ឬដោយឥដ្ឋបាន ដោយហេតុថាមានតែគ្រឿងទាំងនេះទើបអាចនឹងធន់នៅយូបានដូចគ្នានឹងសំរិទ្ធ ទាំងមហាក្សត្រសោតក៏ទ្រង់គង់តក្នុងព្រះដំណាក់ឈើ ហើយទំនៀមទំលាប់នេះក៏មានខ្ជាប់មកក្នុងស្រុកសៀមដរាបលុះដល់ឆ្នាំ ១៧០០ ក្នុងឆ្នាំនោះហើយ ដែលមានសេចក្ដីស៊ីវីឡៃប្រទេសអើរ៉ុបចូលមកដល់ ស្ដេចស្រុកសៀមក៏តាំងផ្ដើមសាងព្រះដំណាក់ដោយឥដ្ឋឡើង ។
តាំងពីសម័យហ្វូណ័នដរាបដល់មកឆ្នាំ ១៤០០ មានសាសនាពីរចូលមកក្នុងស្រុកខ្មែរ គឺសាសនាព្រាហ្មណ៍ នឹងព្រះពុទ្ធសាសនា ។ ក្នុងសម័យហ្វូណ័ន គឺក្នុងសម័យមុនអង្គរនោះខាងសាសនាព្រាហ្មណ៍ គេច្រើនគោរពនូវព្រះហរិហរ ឬព្រះសិវ នឹងវិស្ណុ រួមគ្នាជារូបតែ ១ ដូចខ្ញុំបានបង្ហាញរូបពីរបែបយ៉ាងសំខាន់ក្នុងកាលពីដំបូងរួចហើយ ក្នុងសម័យអង្គរច្រើនតែគោរពព្រះសិវ ព្រោះជាព្រះដែលមហាក្សត្ររាប់អានជាងគេ ដល់មកឆ្នាំ ១២០០ គឺសម័យអង្គរវត្តនោះព្រះវិស្ណុហាក់ដូចជាគេត្រូវការជាង ។ ចំណែកខាងព្រះពុទ្ធសាសនាវិញជាដំបូង គឺហីនយាននិកាយចូលមកមុន ប៉ុន្តែសូត្រធម៌អាថ៌ជាភាសាសំស្រ្កឹតដល់មកឆ្នាំ ៩០០ នឹង១៣០០ នោះសិលាចារិកនឹងរូបចំឡាក់បញ្ជាក់ឲ្យឃើញថាក្នុងជាន់នោះ គេរាប់អានមហាយាននិកាយប៉ុន្តែក្នុងឆ្នាំ ១៣០០ នោះព្រះពុទ្ធសាសនានៅលង្កាផ្សាយចូលមកក្នុងស្រុកខ្មែរតាមស្រុកសៀម ហើយក៏មានអំណាចគ្របលើសាសនាឯទៀតស្ទើតែរលាយបាត់អស់គ្មានសល់ ។
ប្រាសាទខ្មែរទាំងអស់សុទ្ធតែជាទីដំកល់អាសន ឬជាទីទេវាល័យដែលជាប់គ្នាពីតួពុទ្ធស្ថានឬទេវស្ថានមក ។ ប៉ុន្តែមិនត្រូវជឿថាប្រាសាទទាំងនេះជាទីដំកល់នូវសាសនាជាសាធារណទូទៅ ដូចយ៉ាងព្រះវិហារក័ត្ដូលិក ឬវត្តអារាមខាងព្រះពុទ្ធសាសនាក្នុងសម័យថ្មីនេះឡើយ ។ ត្រង់នេះហើយដែលត្រូវឲ្យរំលឹកដល់អំពីដែលខ្ញុំបានអធិប្បាយកាលជាន់មុន ក្នុងគ្រាក្រោយបង្អស់ អំពីបែបភាពនៃរបៀបរាជ្ការតាមសេចក្ដីស៊ីវីឡៃរបស់ឥណ្ឌៀក្នុងស្រុកខ្មែរ ។ វិហារស្ថានខ្មែរដែលកសាងឡើង មិនមែនដោយហេតុសេចក្ដីជឿកាន់របស់អ្នកស្រុក ឬដោយសេចក្ដីត្រូវការរបស់អ្នកបួសជាច្រើនរូបឡើយ ។ គឺច្រើនតែជាការកសាងសម្រាប់មហាក្សត្រសម្រាប់ព្រះរាជវង្សានុវង្ស នឹងសម្រាប់នាហ្មឺនធំៗ ហើយច្រើនតែមានសភាពជាការសម្រាប់ឈាបនកិច្ចឬជាអនុស្សាវរីយ៍ ។ ក្រៅអំពីទេវរូបខ្លះដែលគេដំកល់នៅក្នុងទីតូចៗ ធ្វើដោយឥដ្ឋនោះការគោរពបូជាក្នុងទេវស្ថានផ្សេង ៗ ក្នុងទេវស្ថាននាដំបន់អង្គរជាដើម នោះសុទ្ធតែជាការគោរពដល់មហាបុរសដែលមណភាពទៅ ឬដែលនៅរសនៅឡើយហើយដែលតាំងខ្លួនជាព្រះដោយយកព្រះនាមណាមួយក្នុងបណ្ដាពួកព្រះរបស់ឥណ្ឌៀ ឬក៏គ្រាន់តែចូលជាសមាគមជាមួយនឹងព្រះអង្គនោះៗ ។ ការដែលដំកើងខ្លួនបែបនេះ មិនមែនដែលឃើញក្នុងស្រុកឥណ្ឌៀឡើយ ប៉ុន្តែមិនជាមានច្រើនដូចក្នុងស្រុកខ្មែរ ។ បែបនេះប្រទះឃើញមានក្នុងស្រុកចម្បានឹងក្នុងស្រុកជ្វា ។
វិស្ណុ, សិវ, លោកកេស្វរ តាមសភាពដែលពិតជាក្លឹងនោះ ហាក់ដូចជាមិនមែនជាព្រះសម្រាប់គេធ្វើសការៈបូជា ដោយច្បាស់លាស់ឡើយ ព្រាហ្មណ៍សាសនានឹងព្រះពុទ្ធសាសនាទាំងពីរនេះ បានតាំងនៅជាសាសនាគោរពប្រដិបត្តិរបស់អ្នកស្រុក នឹងជាសាសនាសម្រាប់ស្រុក ។ ប្រាសាទនគរវត្តពិតជាទីអាសនៈព្រះវិស្ណុ ប៉ុន្តែព្រះវិស្ណុដែលគេគោរពក្នុងទីនោះមិនមែនជាព្រះវិស្ណុដែលមានក្នុងក្បួនវេទរបស់ពួកព្រាហ្មណ៍ឬក៏ជាតួភាគណាមួយដែលព្រះវិស្ណូបែងមកនោះទេ គឺប្រាកដជាព្រះបាទសុរ្យវរម័នទី ២ ដែលគេដំឡើងលើកជាព្រះវិស្ណុឡើងក្នុងគ្រាក្រោយដែលទ្រង់ព្រះទិវង្គតទៅ ។
ប្រហែលជាមិនចូលពាក្យបំផ្លើសទេ ដែលពោលថាព្រះជាធំរបស់ស្រុកខ្មែរជាន់ដើមនោះគឺស្ដេច ព្រះវិញ្ញាណដ៏ល្អិតរបស់ស្ដេច ឬក៏ខ្លឹមសាររបស់ "រាជ" នោះធ្វើដំណាងមកជារូបលិង្គ ដែលគេទុកជាចំហាយរបស់ព្រះសិវ ព្រោះថាបើកាលណាសេចក្ដីប្រកាន់ជឿបុណ្យធម៌របស់ស្ដេច បណ្ដាលនាំឲ្យឆ្ពោះទៅកាន់សាសនាព្រះវិស្ណុ ឬព្រះពុទ្ធសាសនា នោះសាសនាព្រាហ្មណ៍ បានឡើងជាសាសនាធារណៈក្នុងព្រះបរមរាជវាំងលិង្គនោះដំកល់ក្នុងទេវស្ថានមានថ្នាក់សង់នៅជាកណ្ដាលទីក្រុងក្នុងបាឋកថាដ៏ពិរោះរបស់លោកមុស ដែលសម្ដែងកាលក្នុងខែមុន នោះលោកបានអធិប្បាយថាថ្នាក់ខាងលើបំផុតនៃទេវស្ថានដែលជាដំណាក់ដំណាង កំពូលភ្នំកណ្ដាលលោកនោះគឺទ្វាររបស់ទេវលោក ទ្វារនេះហើយដែលព្រះមហាក្សត្រតែងប្រាស្រ័យកិច្ចការជាមួយនឹងទេវបុត្រទេវតា ហើយជាកន្លែងដែលទេវបុត្រទេវតា តែងចុះមកកាន់ពីភពមនុស្សលោកយើងពួកអ្នកកត់រឿងរ៉ាវជាតិចិន បានពោលអំពីរឿងក្រុងហ្វូណ័នថាដូច្នេះ "ទេវតាចុះមកជានិច្ចលើភ្នំប៉ូតាន់ ព្រះមហេស្វរ (សិវ) ទ្រង់សព្វព្រះរាជហឫទ័យកន្លែងនេះណាស់ ដើម្បីនឹងផ្សាយព្រះឫទ្ធានុភាពចុះមក ហើយស្ដេចទាំងអស់តែងទទួលសេចក្ដីឧបត្ថម្ភរបស់ព្រះអង្គ" ។
គឺដោយការគោរពដល់ស្ដេចដែលតាំងជាព្រះ ទើបបានមានប្រាសាទទាំងឡាយនេះត ៗ គ្នាមកតាមកាលសម័យដែលត្រូវផ្លាស់ទីក្រុង គឺប្រាសាទបាកូង (ឆ្នាំ ៩០០) ភ្នំបាក់ខែង (ដាច់ឆ្នាំ ៩០០) ប្រាង្គណ៍នៅកោះកែរ (ឆ្នាំ ១០០០) ពិមានអាកាស (ឆ្នាំ ១០០០-១១០០) បាពួន (ដាច់ឆ្នាំ ១១០០) ទេវស្ថានរបស់សាសនាព្រាហ្មណ៍ ដែលមានរាងជាច្រើនជ្រុងស្រួចឡើងទាំងនេះបានបែបផែនតឆ្ងាយមកពីស្រុកបាប៊ីឡូន ។
ប្រាសាទបាយ័នរបស់ព្រះបាទ ជយវរម័នទី ៧ ដែលសង់នៅចំកណ្ដាលអង្គរថ្មី នោះក៏មានភាពទំនងជាមួយគ្នាដូច្នេះដែរប៉ុន្តែស្ដេចដែលសាងនេះកាន់ព្រះពុទ្ធសាសនា ហើយប្រហែលជាតាំងព្រះអង្គជា លោកកេស្វរ គឺជាពោធិ៍សត្ត្វដែលតែងស្រោចស្រង់ ដែលមានព្រះភក្ត្រញញឹម រចនាជាប់នៅកំពូលប្រាសាទបាយ័ននឹងក្លោងទ្វារទីក្រុង ។
មិនមែនសុទ្ធតែស្ដេចទេ ដែលមានអំណាចផ្ជាប់ខ្លួនទៅនឹងព្រះពីកាលដែលនៅរស ហើយឡើងទៅជាព្រះនៅវេលាដែលរំលត់ខន្ធទៅ ។ មហាក្សត្រមានអំណាចម្យ៉ាង ដើម្បីនឹងតាំងព្រះ ហើយអាចនឹងដំកើងនូវព្រះបិតាមាតា ព្រះបរមវង្សានុវង្ស ព្រះរាជគ្រូ ឬមនុស្សដែលគាប់ព្រះរាជហឫទ័យដោយធ្វើជារូបដំណាងឡើង យករូបព្រះឥសូរ ព្រះនារាយណ៍ព្រះលោកកេស្វរពោធិ៍សត្ត្វ ឬក៏រូបទេវកញ្ញាណាមួយមកជាចំនួសដោយតាំងឈ្មោះរូបនោះឡើង យកឈ្មោះធម្មតារបស់មនុស្សនឹងឈ្មោះព្រះមកផ្ជាប់ជាមួយតាមដែលតាំងជាព្រះណាៗ ។
ដើម្បីនឹងដំកល់ព្រះរូបអស់នេះ ហើយដែលគេបានសាងប្រាសាទទាំងប៉ុន្មាន ដែលដកយកឈ្មោះខ្លះមករាប់ជូនដូចមានខាងក្រោយ គឺប្រាសាទបាគោ លលៃ ប្រែរូប មេបុណ្យ៍ តាព្រហ្ម នឹងបន្ទាយឆ្មារ ប្រាសាទទាំងនេះសុទ្ធតែសាងសម្រាប់ឈាបនកិច្ចទាំងអស់ គឺជាថានសួគ៌ក្នុងមនុស្សលោក ដែលមហាក្សត្រត្រូវធ្វើបុណ្យ៍គោរពព្រះបិតរ ឬដែលហៅសព្វថ្ងៃថាថ្វាយព្រះបិតរ ។
ឃើញថាជាការភាន់ច្រឡំធំណាស់ ដែលប្រកាន់ជឿថាប្រាសាទធំ ៗ ក្នុងស្រុកខ្មែរ ជាកន្លែងដែលដំកល់សាសនាសម្រាប់សាធារណជន ។ ដែលមានបើកឲ្យសាធារណជនចូលទៅធ្វើសការបូជាម្ដង ៗ ក្នុងទីទាំងនោះ មិនមែនជាទៅធ្វើសការបូជាចំពោះព្រះណាមួយរបស់ក្លឹងឡើយ គឺប្រាកដជាទៅសំពះគោរពដល់មហាក្សត្រ ឬព្រះរាជវង្សានុវង្ស ដែលតាំងលើកជាព្រះណាមួយដោយពិត ។
ភាពទំនងរបស់ប្រាសាទទាំងឡាយនេះ ធ្វើឲ្យឃើញនូវបែបគំរូរចនា ។ ព្រះរបស់ស្រុកឥណ្ឌៀទ្រង់គង់នៅលើកំពូលប្រាសាទទាំងឡាយ ហើយព្រះអង្គយាងចុះឡើងដោយប្រាសាទអណ្ដែត ។ កំពូលប្រាសាទជាច្រើនជ្រុងដែលស្រួចឡើងនោះ គឺធ្វើតំណាងភ្នំ ។ បើកាលណាមិនបានធ្វើជាកំពូលស្រួចដូច្នេះ គេធ្វើទីអាសនៈ ៥ រៀងគ្នា ១ នៅកណ្ដាល ៤ អមជុំវិញ ដើម្បីដំណាងភ្នំមេរុ ។ សម្រាប់ប្រាសាទអណ្ដែតវិញនោះ គេគ្រាន់តែរចនាខឿនក្រោមជារូបគ្រុឌប្រឹងចំអេងទ្រ ដើម្បីឲ្យបានងាយយល់នៅវេលាដែលមើលទៅឃើញ ។ ប៉ុន្តែបែបគំរូរចនាខ្មែរជាន់ដើមនោះ មិនបាននិយមទៅតាមយោបល់ដែលមានទំនងងាយធម្មតានេះទេ ។ ត្រង់នេះលោកមុសបានអធិប្បាយពន្យល់ហើយថាកំផែងក្រុងនឹងស្នាមភ្លោះ ដែលអមកំផែងទាំងប៉ុន្មាននោះ គឺធ្វើតំណាងកំពែងលោកធាតុទាំងមូលនឹងដំណាងមហាសមុទ្រដែលអមជុំវិញ លោកធាតុនោះហើយនៅប្រាសាទអង្គរធំបែបគំរូរចនានេះរិតតែច្បាស់ទៅទៀត ដោយចំឡាក់ដែលរចនាស្ពានដែលឆ្លងកាត់ស្នាមភ្លោះ គឺមានយក្ខមុខញញឹមម្ខាងហើយមុខសំញើញម្ខាងទៀតទ្រនូវនាគយ៉ាងធំរូបទាំងនេះមិនគឺអ្វី គឺជាទេវតានឹងអសុរកំពុងតែកូរសមុទ្រទឹកដោះ ដើម្បីនឹងសម្រាំងយកនូវទឹកសុរាម្រិត្យ ។
នៅមានប្លែកទៅទៀត គឺប្រាសាទនាគព័ន្ធសង់នៅឰដ៏កណ្ដាលស្រះធំ ១ ប្រាសាទនោះមានដើមត្រាង ១ ដើមដុះចំពីលើមានឫសចាក់ព័ទ្ធប្រាសាទទាំងមូល ។ ស្រះនោះធ្វើជាដំណាងស្រះ ១ ធំដែលរឿងរ៉ាវមានពោលថានៅលើភ្នំហិមាល័យហើយដែលមានផ្លូវទឹកហូរចុះពីមុមទាំងបួនរបស់ស្រះនោះមកគឺចេញពីមាត់រាជសីហ៍ មាត់ដំរី មាត់សេះ នឹងមាត់គោ ។
ចំពោះនឹងក្រុមរាជ្ការខ្មែរជាន់ដើម ប្រាសាទទាំងនេះធ្វើឲ្យឃើញនូវយោបល់យ៉ាងជ្រៅទូលាយ នៃក្បួនវេទរបស់ក្លឹងប៉ុន្តែចំពោះនឹងបណ្ដាអ្នកស្រុកដែលជាអ្នកកសាងយកញើសតាងទឹកវិញ ចំពោះនឹងប្រជុំមនុស្សយ៉ាងច្រើនដែលបានលើកថ្មបន្តុបគរដម្រួតគ្នាឡើងវិញនោះ បើថាឲ្យចំតើប្រាសាទទាំងនេះជាការដំណាងអ្វី ? គឺជាដំណាងការត្រូវរើសខ្លួន ការជាប់កំណែណ្ឌ ការចំពាក់សួយ ប៉ុន្តែឯការដែលគេហៅថា "សេចក្ដីជ្រះថ្លាក្នុងព្រះសាសនា" នោះទំនងជាមានតិចណាស់ព្រោះសេចក្ដីជ្រះថ្លានេះ ដូចជាទើបនឹងមានដល់សាធារណជនក្នុងកំលុងគ្រិស្ដុសករាជ ១៤០០ ក្នុងព្រះពុទ្ធសាសនាពីលង្កាដែលចូលមក នូវវេលាដែលកងទ័ពសៀមកំចាត់របៀបរាជ្ការចេញបង់ ដើម្បីនឹងបញ្ជប់សេចក្ដី ខ្ញុំសូមមើលសេចក្ដីអធិប្បាយ ១ ទំព័ររបស់លោកហ្វីណូត៍ជូនអស់លោកស្ដាប់ដូចមានខាងក្រោយនេះ ។
តាំងអំពីវេលាដែលផុតរលត់ពួកអ្នកមានអំណាចទាំងនេះទៅ ដែលស្រុកខ្មែរឈប់លែងកសាងប្រាសាទជាថ្មីទៀតផុតមានអក្សរចារិក នឹងភ្លេចភាសាសំស្រ្កឹតអស់ ។ ចំណែកខាងពួកសាធារណជនវិញ មិនឃើញមានភស្ដុតាងអ្វីបញ្ជាក់ឲ្យឃើញថា បានធ្វើការសងសឹកដល់ប្រទេសដែលមកលុកលុយញាំញីឡើយ មើលទៅហាក់ដូចជាមានសេចក្ដីសោមនស្សនឹងការលុកលុយញាំញីនេះ ថាជាការផុតរលត់ទុក្ខវិញផង ។ ប្រសិនបើយើងយករឿងនេះមកគិតថា បណ្ដារាស្រ្តទាំងអស់គ្នាមិនគ្រាន់តែជាប់គំណេណ្ឌមកធ្វើការដ៏ធំនេះ ដែលជាទីឆ្ងល់រាល់គ្នាសព្វថ្ងៃនេះឡើយ គឺថែមទាំងជាប់កិច្ចនឹងថែរក្សាផ្គត់ផ្គង់ នូវប្រាសាទដែលរាយដេរដាសលើដីស្រុកខ្មែរនេះផងដូចជាក្នុងស្រុកបារាំងកាលរវាងឆ្នាំ ១១០០ នោះ ក៏ដេរដាសទៅដោយវិហារស្ថានដូចគ្នាដែរ គិតឃើញដូច្នេះហើយយើងមិនបាច់សង្ស័យអ្វីទេ ថាតែធ្វើដូច្នេះតែពី ២-៣ រយឆ្នាំទៅ អ្នកស្រុកក៏នឹងធ្លាក់ទៅជាអ្នកក្រខ្សត់ដុនដាបគ្រប់គ្នាទាំងអស់ ។
ឯចំណែកអ្នកដែលមានជ័យជំនះ ក៏បានរង្វាន់មកសងអ្នកដែលបារាជ័យវិញយ៉ាងប្រសើរ គឺបាននាំសាសនាយ៉ាងស្លូតសូភាពមកឲ្យ ជាសាសនាដែលមានធម៌អាថ៌ក្រិត្យវិន័យត្រូវចំណុចរបស់អ្នកស្រុកដែលអស់កំឡាំង នឹងដែលថយធ្លាក់យស ជាសាសនាដែលមានសេចក្ដីសំចៃមិនខ្ជះខ្ជាយ ហើយដែលលោកដែលអ្នកទ្រទ្រង់នូវធម៌វិន័យតាំងខ្លួនជាអ្នកក្រខ្សត់ សោមនស្សនឹងខ្ទមដំបូលស្បូវ នឹងបាយ ១ វែកប៉ុណ្ណេះ ជាសាសនាដែលមានធម៌សប្បុរស មានលក្ខណៈអាចធ្វើឲ្យវិញ្ញាណបានសេចក្ដីសុខនឹងឲ្យបានសេចក្ដីក្សេមក្សាន្តក្នុងគ្រួសារ ។ គេអាចនឹងជឿបានថាអ្នកស្រុកខ្មែរព្រមទទួលយកសាសនានេះដោយឥតរួញរា ហើយក៏បោះបង់ចោលនូវជ័យជំនះចេញដោយសេចក្ដីពេញចិត្ត ៕
© 2003 Budhhist Institute, info@budinst.gov.kh
- រឿងក្រុងភ្នំពេញ (1)
Categories
Subscribe to:
Post Comments (Atom)
0 ความคิดเห็น:
Post a Comment