អាជ្ញាធរថៃត្រៀមរួចជាស្រេចក្នុងការជម្លៀសពលរដ្ឋបើមានការប៉ះទង្គិចជាមួយខ្មែរម្ដងទៀត
ដោយ ជីវិតា
2008-10-20
អភិបាល ខេត្តស៊ីសាកេតបានថ្លែងប្រាប់កាសែតថា អាជ្ញាធរខេត្តភាគឦសាននៃប្រទេសថៃជាប់នឹងខេត្តព្រះវិហាររបស់ កម្ពុជានេះ បានត្រៀមជាស្រេចក្នុងការជម្លៀសពលរដ្ឋរបស់ខ្លួនពីភូមិនានាក្នុង ស្រុកកាន់ថរ៉ាឡាក់ចេញពីតំបន់នោះ ប្រសិនបើមានការប្រយុទ្ធគ្នាម្តងទៀតរវាងទាហានថៃនិងទាហានកម្ពុជា នៅតាមតំបន់ព្រំដែនជម្លោះរវាងប្រទេសទាំងពីរ។
ទាហានថៃឈរយាមកាមនៅច្រកទ្វារភ្នំព្រះវិហារក្នុងទឹកដីថៃ កាលពីថ្ងៃ១៩ តុលា ២០០៨។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋថៃដែលរស់នៅក្នុងស្រុក កាន់ថរ៉ាឡាក់ដែលនៅជាប់នឹងតំបន់ប្រាសាទព្រះវិហារពុំចង់ឲ្យប្រទេស ទាំងពីរមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពទាំងពីរប្រទេសនោះ ទេ។
លោក ផុង សាក់ អាយុ៤៩ឆ្នាំ ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋដទៃទៀតនៃភូមិដងទង់ក្នុងស្រុក កាន់ថរ៉ាឡាក់ ដែលមានចម្ងាយជាង១០គីឡូម៉ែត្រភាគខាងជើងឈាងខាងកើតប្រាសាទ ព្រះវិហារ បានប្រាប់វិទ្យុអាស៊ីសេរីនៅក្រោយការប្រយុទ្ធគ្នាកាលពីថ្ងៃទី១៥ តុលានោះ ជាភាសាខ្មែរយ៉ាងដូច្នេះ ៖ «...កុំឲ្យគាត់ប្រឆាំងគ្នា ឲ្យគាត់រាប់គ្នា ការវ៉ៃគ្នាមិនចង់ទេ... នៅហ្នឹងអត់ចង់មានរឿងរ៉ាវទេ អត់ចង់ឲ្យមានទេ វាលំបាក»។
ស្រី្តម្នាក់ទៀតឈ្មោះ ពៀវ អាយុ៦០ឆ្នាំ នៅភូមិសារ៉ន់ ដែលភាសាខ្មែរហៅថាភូមិស្រល់ក្នុង ស្រុកកាន់ថរ៉ាឡាក់ជាមួយគ្នាដែរនោះ បានថ្លែងថា លោកស្រីមិនសូវខ្លាចទេដោយសារតែលោកស្រីមានភាពស៊ាំនឹងការប្រយុទ្ធ គ្នាដោយកាំភ្លើងធុនតូចនិងធុនធំនៅក្នុងសង្រ្គាមក្នុងប្រទេស ខ្មែរកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង ១៩៩០។ លោកស្រីពុំចង់ឲ្យប្រទេសទាំងពីរមានការប៉ះទង្គិចគ្នាដោយអាវុធនោះ ទេ។
ការថ្លែងអំពីផែនការជម្លៀសពលរដ្ឋដោយអភិបាលខេត្តថៃនេះត្រូវបាន គេមើលឃើញថា ធ្វើឡើងបន្ទាប់ពីកិច្ចចរចារវាងកងទ័ពថ្នាក់ភូមិភាគដែលគ្រោងធ្វើនៅ ខេត្តសៀមរាបនាថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ប៉ុន្តែត្រូវបានលើកដោយសារភាគីទាំងពីរនៅមិនទាន់មានការអនុម័តពី ស្ថាប័នដឹកនាំកំពូលរបស់ខ្លួន។
អ្នកនាំពាក្យយោធាភាគឦសានថៃ លោកវរសេនីយ៍ឯក ថ៉វីសាក់ ប៊ុនរ៉ាក់ឆាត បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបរទេសថា កិច្ចប្រជុំនឹងលើកទៅថ្ងៃព្រហស្បតិ៍ឬថ្ងៃសុក្រសប្តាហ៍ក្រោយនេះ។
គួររំឭកថា ការប្រយុទ្ធគ្នាកាលពីថ្ងៃទី១៥ តុលាកន្លងមកនេះ បានបណ្តាលឲ្យទាហានខ្មែរសរុបទាំងអស់ចំនួន៣នាក់ស្លាប់ និងទាហានថៃ៧នាក់រងរបួស៕
0 ความคิดเห็น:
Post a Comment